គ្រួសារយោធិនមួយគ្រួសារ ដែលបានត្រូវអាជ្ញាធរខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យរុះរើផ្ទះដើម្បីធ្វើផ្លូវនោះ អះអាងថា គាត់មិនពេញចិត្តចំពោះសំណងតិចតួច និងតម្រូវឲ្យទៅរស់នៅកន្លែងថ្មី ជាទីតាំងដែលគ្មានមនុស្សរស់នៅនោះទេ។
អ្នកស្រី ស៊ូ ស្រីនាង វ័យ៤៨ឆ្នាំ ដែលមានប្តីជាអតីតយោធិនបានស្លាប់ចោលច្រើនឆ្នាំនោះ បានរៀបរាប់ប្រាប់វីអូឌី (VOD)នៅព្រឹកថ្ងៃទី២៨ ខែសីហាថា អាជ្ញាធរខណ្ឌព្រែកពៅ បានស្នើឱ្យគាត់រុះរើផ្ទះដើម្បីពង្រីកផ្លូវ។
ពលរដ្ឋរូបនេះឲ្យដឹងថា អាជ្ញាធរខណ្ឌយល់ព្រមផ្តល់សំណងជាទឹកប្រាក់៤០០០ដុល្លារសហរដ្ឋអាមេរិក ហើយផ្តល់ដីមួយកន្លែងនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅដដែលនោះ។ តែអ្នកស្រីថា នៅទីនោះគ្មានមនុស្សរស់នៅ គ្មានចរន្តអគ្គិសនី គ្មានទឹកស្អាត ដែលលំបាកសម្រាប់គាត់ប្រកបរបរចិញ្ចឹមជីវិត។
ស្ត្រីមេម៉ាយរូបនេះបានបញ្ជាក់ទៀតថា ផ្ទះអ្នកស្រីសព្វថ្ងៃនៅជិតតំបន់ប្រជុំជន មានផ្សារ ដែលអាចឲ្យគាត់បើករបរលក់ដូរដើម្បីចិញ្ចឹមក្រពះបាន។
អ្នកស្រី ស៊ូ ស្រីនាង បានថ្លែងថា គាត់មិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍ពង្រីកផ្លូវរបស់អាជ្ញាធរនោះទេ តែស្នើសុំឲ្យផ្តល់សំណងសមរម្យ ដែលអាចឲ្យគាត់មានលទ្ធភាពបើករបរលក់ដូរដើម្បីចិញ្ចឹមកូន ឲ្យបានទៅសាលានឹងគេ។
VOD បានទាក់ទងអាជ្ញាធរខណ្ឌព្រែកព្នៅ ក៏ប៉ុន្តែត្រូវបានបដិសេធធ្វើអត្ថាធិប្បាយ ក្រោមមូលហេតុជាប់រវល់ប្រជុំ។ ចំណែកលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បញ្ជាក់ថា លោកកំពុងជាប់ប្រជុំដែរ។
អ្នកស្រី ស៊ូ ស្រីនាង បញ្ជាក់ថា គាត់ទិញដីនៅទីនោះតាំងពីឆ្នាំ១៩៩៧មក ហើយមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន។ ចំណែកប្តីរបស់អ្នកស្រីជាយោធាស្លាប់កាលពីឆ្នាំ២០០០ មានជំងឺពេលចុះបំពេញការងារ៕
This article was originally published on VOD.