សមត្ថកិច្ចបានចាប់ខ្លួនបុរស ម្នាក់កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយសង្ស័យថា ជាអ្នកគំរាមសម្លាប់ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៅ រាជបណ្ឌិតសភាកម្ពុជាលោក សុខ ទូច តាមហ្វេសប៊ុក។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា ជនសង្ស័យរូបនេះ មានឈ្មោះ ផង់ សីហា វ័យ២៧ឆ្នាំ ដែលមានស្រុកកំណើត នៅភូមិព្រៃកន្ទ្រង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
សមត្ថកិច្ច អះអាងថា ជនសង្ស័យ ផង់ សីហា នេះ បានសារភាពថា រូបភាពគំរាមសម្លាប់ ប្រធានក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលបានបង្ហោះលើហ្វេសប៊ុក គឺគេជាអ្នកប្រព្រឹត្ត។
ជនសង្ស័យនេះ ជាពលករចំណាកស្រុកធ្វើការនិងរស់នៅក្នុងប្រទេសថៃដោយ«ខុសច្បាប់»។សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យនេះ ពេលគេឆ្លងដែនចូលប្រទេសកម្ពុជាវិញ ក្រោយអាជ្ញាធរថៃ បណ្តេញគេចេញពីប្រទេសថៃកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥។
កាលពីថ្ងៃទី២៩ សីហា ២០១៥ លោក សុខ ទូច បានអះអាងថាមានជនមិនស្គាល់មុខបានផ្ញើសារគំរាមសម្លាប់លោកទាំង លើបណ្តាញសង្គមនិងតាមទូរស័ព្ទដៃ។ លោកបណ្ឌិត សុខ ទូច អះអាងថា ក្នុងសារគំរាមសម្លាប់នោះ ជនមិនស្គាល់មុខបានចោទលោកថា ជាជនក្បត់ជាតិលក់ដីឲ្យវៀតណាម។
ចំណែកអនុប្រធានលេខាធិការដ្ឋានអចិន្រៃ្តយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន លោកស្រី កុយ ពិសី ក៏បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកស្រីក៏ត្រូវបានជនមិនស្គាល់មុខ គំរាមនិងជេរប្រមាថតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ពីករណីនេះលោកស្រី ចោទតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដើរនិយាយកុហករឿងព្រំដែន៕
This article was originally published on VOD.