សមត្ថកិច្ចខេត្តតាកែវបានចាប់ខ្លួន អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅស្រុកព្រៃកប្បាសខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍នេះ ពាក់ព័ន្ធនិងការចែកចាយឯកសារស្តីពី យុទ្ធសាស្ត្រវៀតណាមក្នុងការយកទឹកដីកម្ពុជា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ លោក ម៉ៅ សុផល បានប្រាប់VOD ថា លោក ឈា តាំងស៊ន ជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅស្រុកព្រៃកប្បាស ត្រូវអាជ្ញាធរហៅឲ្យទៅបំភ្លឺនៅអធិការស្រុក មុននឹងបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋានខេត្តតាកែវ។
លោក សុផល មិនអត្ថាធិប្បាយលម្អិតពីការចាប់ខ្លួនពាក់ព័ន្ធការចែកចាយឯកសារនេះ គ្រាន់តែបញ្ជាក់ថា ការចាប់ខ្លួននេះ មិនមានដីកាពីតុលាការគឺធ្វើឡើងក្នុងហេតុផលនយោបាយប៉ុណ្ណោះ។
ឯកសារដែលលោក ឈា តាំងស៊ន ចែកចាយនោះ គឺសរសេរពីយុទ្ធសាស្ត្រ២០យ៉ាងរបស់វៀតណាម ក្នុងការបំបាត់ពូជសាសន៍ខ្មែរ ដើម្បីយកទឹកដី។
វីអូឌី(VOD) មិនទាន់អាចសុំការបកស្រាយបន្ថែមពីស្នងការខេត្តតាកែវពីការចាប់ខ្លួន នេះ បាននៅឡើយទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
គិតមកត្រឹមរសៀលថ្ងៃសៅរ៍ទី០៥ ខែកញ្ញានេះ មន្ត្រី និង សកម្មជនគណបក្សសង្គ្រោះជាតិ ១៦នាក់ត្រូវបានតុលាការសម្រេចចាប់ដាក់ពន្ធធនាគារជាបន្តបន្ទាប់ ក្រោមបទចោទផ្សេងៗ៕
This article was originally published on VOD.